ពិភាក្សា


បណ្ណាល័យរូប


ចម្រៀង


ពត៌មាន



ចុះឈ្មោះ


ហត្ថលេខា


ឈប់


GUEST


ពត៍មានថ្មីៗ

សរសេរ
ធ្លាក់ខ្លួនពិការ ប្រពន្ធបែកចិត្ត
        ថ្ងៃទី 2010-07-21 01:20:03           សរសេរដោយ   chanda           អាន 172 ដង
ប្រវត្តិស្នេហ៍កម្សត់កម្រ និង ជូរចត់ របស់គូស្នេហ៍ មួយគូដែល បានចាប់ ដៃគ្នាតស៊ូឆ្លងកាត់ ព្យុះភ្លៀងរាប់មិនអស់ រហូតបានកូនស្រីម្នាក់ជាចំណងដៃ ស្នេហ៍របស់គេ ទាំងពីរនោះ បែរជា ចុងបញ្ចប់រងនូវការប្រេះឆាបែកបាក់ ក៏ព្រោះ តែខាងប្រុសធ្លាក់ខ្លួនពិការ ហើយប្រពន្ធជឿតាម ពាក្យម្តាយឪពុក ធ្វើឱ្យចំណងស្នេហ៍បែកបាក់ ។ ពេល នេះបុរស ពិការឯកាគ្មានទីពឹងបានមកផ្ញើជីវិតរបស់ខ្លួន នៅក្នុងផ្លូវព្រះធម៌ទៅហើយ ដើម្បីបំភ្លេចនូវសេចក្តីទុក្ខសោក ទាំងឡាយដែលបានធ្លាក់មកលើរូបគេតែម្នាក់ឯង ។

បុរសម្នាក់នេះឈ្មោះ គង់ ណារុន អាយុ ២៨ ឆ្នាំ បានធ្លាក់ខ្លួនពិការដោយសារដាវ សាម៉ូរ៉ៃ កាលពីឆ្នាំ ២០០៨ កន្លងទៅនេះ ។ គង់ ណារុន បាននិយាយប្រាប់អ្នកយកព័ត៌មានឱ្យដឹង ថា “ខ្ញុំបាទមានដើមកំណើតនៅភូមិដើមដូង ឃុំ ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ នៅ ឆ្នាំ ២០០៤ ខ្ញុំបានរៀបការជាមួយស្ត្រីម្នាក់ឈ្មោះ សួន សុខន រស់នៅក្នុងភូមិជាមួយគ្នា ។ ក្រោយ ពីរៀបការរួចមក ខ្ញុំបានចាប់យកអាជីពជាគ្រូ បង្រៀនភាសាថៃនៅក្នុងស្រុក ម៉ាឡៃ ដោយជីវភាពខ្វះខាតខ្លាំងពេក ខ្ញុំក៏សម្រេចចិត្តនាំប្រពន្ធ ទៅធ្វើការនៅប្រទេសថៃ ។

បើនិយាយពីប្រវត្តិ នៅក្នុងប្រទេសថៃ ខ្ញុំ និង ប្រពន្ធពិតជាតស៊ូ ខ្លាំងណាស់ ពេលយប់ដេកក្នុងផ្ទះសំណង់លាក់ ពួនពីពួកតម្រួតថៃដើរល្បាតក្នុងពេលយប់ មាន ពេលខ្លះ ខ្ញុំ និង ប្រពន្ធនាំគ្នាដេកអត់បាយក៏ មានដែរ ដោយ ខ្លាចតម្រួតថៃចាប់ ព្រោះនៅ ប្រទេសថៃគេរឹតបន្តឹងចំពោះពលករចូលទៅ ប្រទេសគេដោយខុសច្បាប់ ។ មានថ្ងៃមួយ ពួក ខ្ញុំបានរត់គេចពីប៉ូលិសថៃទៅពួនដេកក្នុងចម្ការ អំពៅប្រមាណជាបួនយប់ គឺគ្មានបាយទឹកទេ ពោលគឺពួកខ្ញុំហូបមួយពេលឆុងមីមួយកញ្ចប់ពីរ នាក់ប្តីប្រពន្ធ ពេលនោះខ្ញុំហុតតែទឹក ចំណែកសាច់ មីទុកឱ្យ ប្រពន្ធហូប ។ ការលាក់ខ្លួននៅក្នុងចម្ការអំពៅ មិនបានយូរថ្ងៃទេ ខ្ញុំក៏សម្រេចនាំប្រពន្ធប្រថុយប្រថាន ទៅធ្វើការវិញ ដោយពុំមានប៉ូលិសតាមចាប់ឡើយ ហើយខ្ញុំអាចរកប្រាក់បាន ៤០០ បាទ ក្នុងមួយថ្ងៃ ពីរ នាក់ប្តីប្រពន្ធធ្វើការ ទីនោះបានប្រហែលពីរខែត្រូវពួក តម្រួតចាប់ដាក់គុកបួនខែ ទើបគេបញ្ជូនមកកម្ពុជា យើងវិញតាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែតនៅឆ្នាំ ២០០៦ ។

ក្រោយមក ខ្ញុំបាននាំប្រពន្ធមកនៅប៉ោយប៉ែត ដើម្បីស្វែងរកការងារធ្វើនៅក្នុងក្រុមហ៊ុនកាស៊ីណូ ។ ថ្ងៃមួយ នោះខ្ញុំបានដាក់ពាក្យជាប់ជាអ្នកលាងចាន នៅកាស៊ីណូមួយនៅប៉ោយប៉ែត ទទួលបានប្រាក់ខែ ២.៥០០ បាទ ក្នុងមួយខែ ពេលមកពីធ្វើការវិញ រូបខ្ញុំឆ្លៀតពេលជួយបង្រៀនប្រពន្ធដើម្បីបានការងារធ្វើទាំងពីរនាក់ ។ មិនយូរ ប៉ុន្មាន ដោយសារនាងជា មនុស្សឆ្លាត និង មានប្រជាប្រិយភាព បានដាក់ពាក្យ ធ្វើជាអ្នករត់តុលក់អាហារ ចិននៅកាស៊ីណូមួយទៀត ដោយទទួលបានប្រាក់ខែ ២.៥០០ បាទ ក្នុងមួយខែ ។ ក្រោយពីទទួលបានការងារ ធ្វើទាំងពីរនាក់ប្តីប្រពន្ធ ពួក ខ្ញុំមានប្រាក់កម្រៃចាយវាយគ្រប់គ្រាន់ ធ្វើឱ្យពួកខ្ញុំមាន សុភមង្គលក្នុងជីវិតណាស់ តែមិនយូរប៉ុន្មានខ្ញុំបាន ស្គាល់បុរសជនជាតិថៃម្នាក់ គេចេះរូបមន្តលាយស្រា ខ្ញុំក៏បានសុំឱ្យជនជាតិថៃរូបនោះ ជួយបង្រៀនវិជ្ជាលាយ ស្រាដល់រូបខ្ញុំ ។

ក្រោយពីចេះវិធីលាយស្រារួច ហើយ ដោយមានការជ្រោមជ្រែងពីមិត្តភក្តិជនជាតិ ថៃ គេក៏បាននាំរូបខ្ញុំឱ្យទៅ ធ្វើការនៅក្នុងក្លឹបឌីស្កូនៅ ប៉ោយប៉ែត មានតួនាទីជាអ្នកគ្រប់គ្រងស្រា និង បុគ្គលិកទទួលបានប្រាក់ខែ ៨.០០០ បាទ ក្នុងមួយខែ ។

ចាប់ពីពេលនោះមកឪពុកម្តាយក្មេករបស់ខ្ញុំស្រឡាញ់ ពេញចិត្តចំពោះរូបខ្ញុំជាខ្លាំង ដោយនិយាយថា “កូន ក្រមុំគាត់បានប្តីល្អ គាត់ឱ្យកូនពិតជាមិនខុសបំណង ឡើយ ព្រោះ គង់ ណារុន ជាមនុស្សមានចរិតចាស់ទុំ ចេះតស៊ូក្នុងជីវិត” ។ រាល់ពេលបើកប្រាក់ខែ ខ្ញុំតែង តែយកទៅជូនឪពុកម្តាយក្មេកជារៀងរហូត ប៉ុន្តែជា អកុសល ការងាររបស់ខ្ញុំធ្វើការនៅក្នុងក្លឹបមិនបានយូរ ប៉ុន្មានផង បែរជាកើតមានរឿងរ៉ាវចំពោះរូបខ្ញុំ ដោយ នៅយប់មួយនោះ ក្រុមក្មេងទំនើងមួយក្រុមមានសុទ្ធ តែដាវសាម៉ូរ៉ៃគ្រប់ដៃដើរសំដៅមករកពួកខ្ញុំ ខណៈ ពេលកំពុងតែហូបបាយ ជាក្រុមជាមួយមិត្តរួមអាជីព នៅវាលស្មៅទល់មុខកាស៊ីណូ ស្រាប់តែបុរសម្នាក់បិទ មុខដកដាវកាប់លើខ្ញុំត្រូវ ចំសៀតផ្កាបណ្តាលឱ្យដួល ដេកក្នុងថ្លុកឈាមម្នាក់ឯង ចំណែកមិត្តរួមការងារមួយ ចំនួនទៀតក៏បានរត់យក ព្រះអាយុបាត់ស្រមោល ។

ដោយឃើញមានភាពប្រតាយប្រតប់គ្នា ក្រុមសន្តិសុខ កាស៊ីណូក៏មកបំបែកហ្វូងពួកក្មេងទំនើងរត់ចែក ជើងគ្នាបាត់អស់ទៅ ក្រោយមកដំណឹងនេះបានលេចឮដល់ ថៅកែក្រុមហ៊ុន គេក៏ចាត់ចែងយកខ្ញុំទៅសង្គ្រោះនៅ គ្លីនិកឯកជនទាំងពាក់កណ្តាលអធ្រាត្រ តែគ្លីនិកណា មួយក៏មិនទទួលរូបខ្ញុំដែរ ពួកគេគ្រាន់តែឃើញឈាម ក៏ទាញទ្វារបិទវិញភ្លាម ព្រោះខ្ញុំនៅសល់តែដង្ហើម ចង្រិត ។ រំពេចនោះដែរក្រុមហ៊ុនក៏ដឹកខ្ញុំទៅមន្ទីរ ពេទ្យ បង្អែកស្រុកមង្គលបុរី ដើម្បីព្យាបាល ពេលដល់ ភ្លាម សភាពអ្នកជំងឺគឺ ៨០ ភាគរយ ស្លាប់ ក្រុមពេទ្យ សង្គ្រោះបន្ទាន់ក៏ប្រញ្ញាប់សង្គ្រោះអ្នកជំងឺ ដេរស្នាម របួសរួចចប់សព្វគ្រប់ក៏និយាយថា អ្នកជំងឺដាច់សរសៃ ប្រាំ បើរស់ក៏មានស្មារតីមិនគ្រប់គ្រាន់ដែរ ។ នៅទី នោះ នាង សួន សុខន ដែលជាភរិយាខ្ញុំមានទឹកមុខ បែបស្រងូតស្រងាត់ ព្រោះនាងមិនអាចនៅកំដរខ្ញុំ នៅមន្ទីរពេទ្យបានយូរទេ ព្រោះនាងមានកិច្ចការងារ នៅក្រុមហ៊ុនក៏ទៅធ្វើការវិញ ចំណែកខ្ញុំត្រូវនៅឯកោ នៅក្នុងមន្ទីរពេទ្យម្នាក់ឯង មួយសប្តាហ៍ទើបប្រពន្ធខ្ញុំ មកមើលម្តង ក្រោយពីជំងឺបានធូរស្បើយគ្រាន់បើ ហើយ ប្រពន្ធខ្ញុំក៏បាននាំយកខ្ញុំមកមើលនៅផ្ទះវិញម្តង ដើម្បីងាយស្រួលក្នុងការមើលថែទាំ ។ ចំណែកប្រពន្ធ របស់ខ្ញុំ នាងចេះតែនិយាយបែបឡែបខាយដាក់ខ្ញុំថា “បងអើយ! ខ្ញុំឥឡូវនេះមានប្រុសស្ទាវៗសុំស្រឡាញ់ ច្រើនណាស់ គេថាខ្ញុំនៅក្រមុំ បើទោះបីជាខ្ញុំថាខ្ញុំ មានប្តី មានកូនស្រីម្នាក់អាយុ ៤ ឆ្នាំទៅហើយ ក៏គេ នៅតែស្រឡាញ់ខ្ញុំដែរ” ។

ក្រោយពីប្រពន្ធរបស់ខ្ញុំបាន និយាយប្រាប់ព័ត៌មាននោះរួចមក នាងក៏នាំខ្ញុំឱ្យទៅ ដេកនៅឯផ្ទះម្តាយក្មេកខ្ញុំនៅ ស្រុកម៉ាឡៃ ។ ថ្ងៃមួយ ម្តាយក្មេកខ្ញុំឈ្មោះយាយ រ៉ង អាយុ ៥១ ឆ្នាំ ឪពុក ក្មេកខ្ញុំឈ្មោះ ឃុន អាយុ ៥៥ ឆ្នាំ បាន ពិភាក្សាគ្នាជា មួយប្រពន្ធខ្ញុំថា “សុខន កូនឯងនៅក្មេងនៅឡើយ រកប្តីទៀតមិនបានទេឬ បានជានៅខំមើលថែអា មនុស្សខ្វិនស្លាប់មួយចំហៀងខ្លួនដូច្នេះ ? ព្រោះម៉ែ មិនចង់ឱ្យកូនស្រីម៉ែខូចអនាគតទេ បើនៅមើលវាក៏ មិនជាដែរ ហើយនាំតែខាតប្រាក់កាសច្រើនឥតប្រ- យោជន៍ ម៉្យាងវិញទៀត ប្តីកូនឯង (អា ណារុន) វា គ្មានញ្ញាតិ គ្មានឪពុក ម្តាយផងហ្នឹង” ។ ដោយសារតែ ពាក្យដឹកនាំពីម្តាយ ទើបនាង សួន សុខន ព្រមសម្រេច តាមពាក្យម្តាយ ចុះចោល ប្តី និង កូនស្រី ទុកឱ្យ គង់ ណារុន ទទួលមើលថែយ៉ាងលំបាកវេទនា ណាមួយ ខ្លួនឯងនៅពុំទាន់ដើររួចនៅឡើយ ។ “ពេលនោះ ខ្ញុំ ក៏សម្រេចចិត្តដើរចេញពីផ្ទះម្តាយក្មេកទៅនៅតាម អង្គការជនពិការ មានពេលខ្លះខ្ញុំក៏ដាច់ចិត្ត ដើរសុំទាន ដើម្បីកូនស្រី ។

ថ្ងៃមួយខ្ញុំបានគិតថា អាត្មាអញមាន មិត្តភក្តិរួមការងារនៅប៉ោយប៉ែតច្រើនណាស់ បើ អញទៅសុំនៅទីនោះ ប្រហែលជាមានសំណាងច្រើន ខ្ញុំក៏បានមកសុំនៅមុខហាងបាយមួយ ពេលនោះខ្ញុំក៏ បានចោលភ្នែកទៅបាន ឃើញនារីម្នាក់ស្លៀកសំពត់ខ្លី ត្រឹមជង្គង់ខើចលើបន្តិច ពាក់អាវពណ៌ខ្មៅឆ្នូតក្រហម ដើរកាត់មុខខ្ញុំ ខ្ញុំក៏នឹកភ្នកដល់ ប្រពន្ធរបស់ខ្ញុំភ្លាម តែ ខ្ញុំគិតថា ប្រពន្ធអញមិននៅលក់នៅទីនេះទេ គឺនាង លក់នៅកាស៊ីណូឯណោះទេ តែមិន នឹកដល់សោះ ថា ប្រពន្ធរបស់ខ្ញុំបានដូរក្រុមហ៊ុនសោះ ពេលនោះ នាងធ្វើហាក់បីដូចជាមិនដែលស្គាល់ខ្ញុំសោះ ហើយ ក៏ដើរគេចចេញពីមុខខ្ញុំបាត់ទៅ ។ ភ្លាមនោះស្រាប់ តែមាននារីម្នាក់យកបាយមួយកញ្ចប់មកឱ្យខ្ញុំ ហើយ និយាយថា “ថីពូឯងកើតអីបានជាក្លាយជាជនពិការ ទៅវិញ ? ពីមុនខ្ញុំដូចធ្លាប់បានស្គាល់ពូ” ខ្ញុំក៏លូកដៃ ចាប់កញ្ចប់បាយ ចៃដន្យសឺមីដាក់សៀវភៅរួមជាមួយ សញ្ញាបត្រលាយជាមួយរូបថតអាពាហ៍ពិពាហ៍ខ្ញុំ និង នាងសួន សុខន បានធ្លាក់នៅពីមុខនារីដែលជាមិត្ត ថ្មីរបស់ប្រពន្ធខ្ញុំ នាងនោះនិយាយថា “អើ ! នេះជា រូបបង សុខន រៀបការជាមួយពូមែនក៏មិនមែន ?”។ ខ្ញុំជាមនុស្សត្រង់ក៏ឆ្លើយថា បាទ ។ នារីនោះក៏បន្តទៀត ថា “បង សួនសុខន គាត់ជាមេការខ្ញុំនៅក្នុងហាង នេះ...” ។ ពេលទទួលបានអាហាររួចហើយ ខ្ញុំក៏អរគុណនាង ហើយជិះ ម៉ូតូទៅសម្រាកនៅវត្តបាលិលេយ្យ តែជាវាសនាល្អ ប៉ះចំអ្នករត់ម៉ូតូស្គាល់គ្នាពីមុន គេក៏ ឱ្យប្រាក់ខ្ញុំពីរម៉ឺនរៀល ។

ក្រោយពីបានជួបប្រពន្ធគេ ធ្វើមិនស្គាល់ ខ្ញុំបានសម្រេចចិត្តទៅនៅវត្តដើម្បីរៀន ធម៌នៅឯខេត្តកំពត ដើម្បីឱ្យ ឆ្ងាយពីនាង ហើយកូន ស្រីខ្ញុំក៏នាំយកទៅផ្ញើនឹងឪពុកក្មេកនៅម៉ាឡៃ ។ ពេល នេះខ្ញុំលែងនឹកនាប្រពន្ធទៀត ហើយនឹកអាណិតតែ កូនស្រីដែលកំព្រែតប៉ុណ្ណោះ ខ្ញុំលែងសល់អ្វីៗទៀត ហើយ សល់តែខ្លួនពិការតែប៉ុណ្ណោះ” ៕

( ដកស្រង់ចេញពី ភ្នំពេញដេលីញូវ )



ឧបត្ថមដោយ

Khmer
M
A
G
A
Z
I
N
E
S
.
C
O
M
www.phnompenh.com
Cambodia photographs, muisc, Khmer talks, forums, Khmer people's news, the expressions and concerns of the daily life of the Cambodian people