ពន្ធនាគារកម្ពុជាអាចក្លាយជាកន្លែងឃុំឃាំងអ្នកទោសដ៏ ច្រើនបំផុតនៅក្នុងពិភពលោក
|
ថ្ងៃទី 2010-07-21 01:28:27 សរសេរដោយ អាន 119 ដង លទ្ធផលនៃការអង្កេតឃ្លាំមើលរបស់ អង្គការសិទ្ធិមនុស្សលីកាដូដែលបានបោះ ពុម្ពផ្សាយនៅថ្ងៃចន្ទទី ១៩ ខែកក្កដា ឆ្នាំ ២០១០ បានបង្ហាញថា ពន្ធនាគារទាំង ១៨ កន្លែងក្នុង ១៣ ខេត្តក្រុងដែលត្រូវបានឃ្លាំង មើលដោយ អង្គការ សិទ្ធិមនុស្សលីកាដូ មានអ្នកទោសសរុប ១២.៦៤៦ នាក់ ។ គិតត្រឹមតែធ្នូ ឆ្នាំ ២០០៩ មួយភាគបីនៃអ្នក ទោស ទាំងអស់នោះត្រូវបានឃុំខ្លួនដោយគ្មានការកាត់ក្តី ។ ពន្ធនាគារមួយចំនួននៅក្នុងចំណោមពន្ធនាគារទាំងនោះមិនស័ក្តិសមសម្រាប់ការរស់នៅរបស់អ្នកទោសទេ ។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថាការកើនឡើងនៃអ្នកទោស ពីមួយ ថ្ងៃទៅ មួយថ្ងៃនាំឱ្យប្រទេសកម្ពុជាអាចមានប្រព័ន្ធពន្ធនាគារដែលមានអ្នកទោសដ៏ច្រើនបំផុតក្នុងពិភពលោកនៅមុន ឬ ត្រឹមឆ្នាំ ២០១៨ ព្រោះថាពន្ធនាគារមួយចំនួនក្នុងប្រទេសកម្ពុជាបានផ្ទុកអ្នកទោសលើសចំណុះរហូតដល់បីដង ។ ដូចជានៅពន្ធនាគារតាខ្មៅក្នុងខេត្តកណ្តាលមានចំណុះត្រឹមតែ ៣១៤ នាក់ តែជាក់ស្តែងអ្នកទោស មានរហូតដល់ ១.០៤២ នាក់ ។ ចំណែកមណ្ឌលអប់រំកែប្រែម២ នៅពន្ធនាគារព្រៃសរាជធានីភ្នំពេញ ដែល ឃុំខ្លួនស្ត្រី និង កុមារមានអ្នកទោស ៧៧៧ នាក់ ក្នុងពេលដែលពន្ធនាគារនេះត្រូវផ្ទុកអ្នកទោសត្រឹមតែ ៣០០ នាក់ប៉ុណ្ណោះ ។ ចំណែកនៅពន្ធនាគារខេត្តកំពង់ធំ មានអ្នកផ្ទុកទោសចំនួន ២០៨ នាក់ ដែលចំណុះពន្ធនាគារ នេះត្រូវមានអ្នកទោសត្រឹមតែ ៥០ នាក់ប៉ុណ្ណោះ ។
សូមបញ្ជាក់ថា បច្ចុប្បន្នមានពន្ធនាគារចំនួន ២៥ នៅទូទាំងប្រទេសដែលមានអ្នកទោសសរុបចំនួន ១៣.៣២៥ នាក់ ។ ក្នុងនោះអងង្គការលីកាដូបានរកឃើញថា ៩០ ភាគរយនៃចំនួនអ្នកទោសនេះ ត្រូវបានឃុំឃាំងលើសចំណុះ ព្រោះថាពន្ធនាគារទាំង ២៥ នោះអាចផ្ទុកអ្នកទោសបានត្រឹមតែ ៨.០០០ នាក់ ៕
( ដកស្រង់ចេញពី ភ្នំពេញដេលីញូវ )
|
|
Khmer M A G A Z I N E S . C O M
|