អ្នកជំងឺបង្កឡើងដោយជាតិអាសេនិកបារម្ភពី បញ្ហាសុខភាព
|
ថ្ងៃទី 2010-07-21 22:19:35 សរសេរដោយ អាន 74 ដង អ្នកជំងឺដែលរងគ្រោះដោយសារការប្រើប្រាស់ទឹកអណ្ដូងដែលមានជាតិ អាសេនិក កំពុងស្ថិតក្នុងក្តីកង្វល់ពីបញ្ហាសុខភាពរបស់ខ្លួន ដោយសាររយៈពេលជិត១០ឆ្នាំមកហើយ ពួកគេមិនទាន់ទទួលបានការព្យាបាលណាមួយដែលមានប្រសិទ្ធភាពនៅឡើយ។
រោគសញ្ញាដែលបង្កឡើងដោយជាតិអាសេនិក (ស្រុកស្អាង ខេត្តកណ្ដាល)
មន្ត្រីរដ្ឋាភិបាលកម្ពុជាថ្លែងថា ស្ថាប័នដែលមានការពាក់ព័ន្ធកំពុងខិតខំគិតគូរទប់ស្កាត់មិនឲ្យជាតិ អាសេនិកនេះរីករៀលដាលបន្តទៀតឡើយ។
ប្រជាពលរដ្ឋរស់នៅភូមិព្រែកឫស្សី ឃុំកំពុងកុង ស្រុកស្អាង ខេត្តកណ្តាល ដែលទទួលរងផលប៉ះពាល់ ដោយសារតែការប្រើប្រាស់ទឹកអណ្ដូងមានជាតិអាសេនិកដែលបានបង្កឡើង កាលពីជិត ១០ឆ្នាំមុននោះ កំពុងរស់នៅក្នុងក្តីព្រួយបារម្ភ ខ្លាចជំងឺរបស់ពួកគាត់មានការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ នៅខណៈអ្នកជំនាញ ខាងសុខាភិបាលមិនទាន់រកវិធីព្យាបាលជំងឺនេះឲ្យជាសះស្បើយបាននៅ ឡើយ។
អ្នកភូមិព្រែកឫស្សី អ្នកស្រី សៀក សុខុម អាយុ ៤៨ឆ្នាំ ដែលកំពុងមានជំងឺបង្កឡើងដោយសារការប្រើទឹកអណ្ដូងមានជាតិអាសេនិក បានឲ្យវិទ្យុអាស៊ីសេរីដឹងថា សព្វថ្ងៃនេះពួកគាត់រស់នៅទាំងក្ដីព្រួយបារម្ភ ខ្លាចជំងឺរបស់គាត់មានការវិវត្តន៍ទៅមុខនៅថ្ងៃណាមួយ ហើយពុំមានវិធីព្យាបាល។
លោកស្រីបន្តថា ការព្រួយបារម្ភនេះបន្ទាប់ពីកូនរបស់គាត់ ២នាក់បានស្លាប់កាលពីឆ្នាំ២០០០ និងឆ្នាំ២០០៣ ដែលពួកគេបានប្រើប្រាស់ និងបរិភោគទឹកអណ្ដូងដែលគេពិសោធឃើញថា មានជាតិអាសេនិក។
អណ្ដូងអាសេនិក ៣០៥
អណ្ដូងដែលមានជាតិអាសេនិកត្រូវគេទុកចោលលែងប្រើប្រាស់ នៅខេត្តកណ្ដាល។
លោកស្រី សៀក សុខុម បានសំណូមពរយ៉ាងដូច្នេះ ៖ «ព្រួយបារម្ភ នៅកូនក្រោយទៀត មិនដឹងយ៉ាងណាយ៉ាងណី! អ៊ីចឹងបានថា អង្គការអីមកជួយស្រាវជ្រាវរកថ្នាំមកមើល ក្រែងលោយកមកព្យាបាលទៅបានជា!»។
អ្នកភូមិព្រែកឫស្សីម្នាក់ទៀត អ្នកស្រី ម៉ន ម៉ៃ អាយុ ជាង ៣០ឆ្នាំ ដែលកំពុងមានជំងឺដែលបង្កឡើងដោយជាតិអាសេនិកនេះដែរ បានសម្ដែងក្តីព្រួយបារម្ភដែរថា សុខភាពរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃចេះតែទ្រុឌទ្រោមទៅៗ ហើយអ្នកស្រីខ្លាចស្នាមដំបៅគ្រើមនៅលើខ្លួន និងដៃជើង ក្លាយជាដំបៅរីករាលដាល មើលមិនជាដូចអ្នកស្លាប់មុនៗ។
អ្នកស្រី ម៉ន ម៉ៃ បានរៀបរាប់អំពីស្ថានភាពសុខភាពក្នុងខ្លួនគាត់សព្វថ្ងៃយ៉ាងដូច្នេះ ៖ «ចេញដំបូងវារមាស់ដៃរមាស់ជើងអ៊ីចឹងទៅ ...ដូចពងត្រីឆ្លាតចេញមកពីក្នុងសាច់!»។
កុមារាម្នាក់ អាយុ ១៦ឆ្នាំ ដែលកំពុងមានជំងឺដែលបង្កឡើងដោយជាតិអាសេនិក ធ្វើឲ្យបាតដៃបាតជើងមានសភាពគគ្រើម និងស្នាមអុចៗពេញខ្លួន បានអះអាងថា ខ្លួនគេកើតរោគនេះឡើង ដោយសារប្រើទឹកអណ្ដូងដែលគេពិនិត្យឃើញថា មានជាតិអាសេនិកតាំងពីនៅតូច ប៉ុន្តែទើបចាប់ផ្ដើមចេញរោគសញ្ញានៅពេលគេមានអាយុប្រហែល ១០ឆ្នាំ។
ស្ត្រីម្នាក់ទៀតដែលអះអាងថា គ្រួសាររបស់គាត់ចំនួន ២នាក់បានស្លាប់ដោយសារមានជំងឺដែលបង្កឡើងដោយជាតិអាសេនិកនេះដែរ បានអធិប្បាយឲ្យដឹងពីឥទ្ធិពលនៃជាតិអាសេនិកដែលកំពុងមាននៅលើ ខ្លួនលោកស្រីដែរថា ៖ «ជាតិនេះដូចជាតិច្រែសកាន់ក្រហម។ ធុង ផ្តិលអ៊ីចឹង ដាក់ទៅកាន់ក្រហមតែម្ដង ដុះអត់ជ្រះទេ ហើយស៊ី ផ្តិលខ្លះស៊ីដុំៗតែម្ដង ដូចច្រែសអ៊ីចឹង!»។
មេឃុំកំពង់កុង លោក ហ៊ីង ហៀង បានឲ្យដឹងថា លោកកំពុងមានកង្វល់ពីបញ្ហាអាសេនិកនេះដែរ ដែលពុំទាន់មានវិធីព្យាបាលណាមួយអាចឲ្យជឿទុកចិត្តបាននៅឡើយ។
សព្វថ្ងៃអ្នកស្រុកបានឈប់បរិភោគទឹកអណ្ដូងទាំងនោះទៀតហើយ ប៉ុន្តែនៅមានគ្រួសារខ្លះនៅប្រើប្រាស់ទឹកអណ្ដូងសម្រាប់តែបោកគក់ ខោអាវ និងការចិញ្ចឹមសត្វ ដោយសារនៅតំបន់នោះខ្វះទឹកប្រើប្រាស់ និងខ្វះថវិកាក្នុងការទិញទឹកដែលគេបូមធ្វើអាជីវកម្មពីទន្លេ មេគង្គ មកលក់ក្នុងមួយម៉ែត្រគូប តម្លៃ ៣០០រៀល។
តែទោះជាយ៉ាងណា ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតនៃក្រសួងអភិវឌ្ឍន៍ជនបទ លោកវេជ្ជបណ្ឌិត ម៉ៅ សារាយ បានអះអាងថា កម្ពុជាពុំទាន់មានការពិសោធណាមួយច្បាស់លាស់ថា មានអ្នកស្លាប់ដែលបង្កឡើងដោយជាតិអាសេនិកនោះទេ ប៉ុន្តែគេទទួលស្គាល់ថា តំបន់ដែលពលរដ្ឋរងគ្រោះនោះគេបានពិសោធឃើញថា មានជាតិអាសេនិកក្នុងកម្រិតខ្ពស់នៅក្នុងទឹកអណ្ដូងដែលពួកគេបាន ប្រើប្រាស់ជាច្រើនឆ្នាំមកហើយ គឺនៅមុនការពិសោធឃើញទៅទៀត។
វេជ្ជបណ្ឌិត ម៉ៅ សារាយ មានប្រសាសន៍ទៀតថា បញ្ហានេះរដ្ឋាភិបាលកំពុងមានក្ដីកង្វល់ និងមានវិធានការមួយចំនួនក្នុងការទប់ស្កាត់កុំឲ្យមានការរីករាល ដាល តាមរយៈកម្មវិធីបន្សុទ្ធទឹកអណ្ដូងកុំឲ្យមានជាតិអាសេនិក និងពង្រីកប្រព័ន្ធចែកចាយទឹកស្អាតនៅតាមជនបទ ជាពិសេសតំបន់ដែលកំពុងមានជាតិអាសេនិកខ្ពស់។
លោកបន្តថា ចំពោះអ្នកដែលកើតជំងឺនោះហើយ ក្រសួងសុខាភិបាលមានកម្មវិធីចុះថែទាំព្យាបាល ដោយផ្ដល់ថ្នាំរក្សាសុខភាព ដើម្បីកុំឲ្យជំងឺនោះវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ។
លោកបានឲ្យដឹងដែរថា តំបន់ខ្លះនៅក្នុងខេត្តចំនួន ៧ តាមដងទន្លេមេគង្គ ទន្លេបាសាក់ និងតាមស្ទឹងខ្លះ រួមមានជាយក្រុងភ្នំពេញ ខេត្តកណ្ដាល, កំពង់ស្ពឺ, កំពង់ចាម, ក្រចេះ, កំពង់ធំ និងខេត្តព្រៃវែង កំពុងមានជាតិអាសេនិកនៅតាមទឹកអណ្ដូង និងប្រជាពលរដ្ឋខ្លះបានទទួលរងនូវផលប៉ះពាល់ពីការប្រើប្រាស់ទឹក ដែលមានជាតិអាសេនិកនេះ៕
( អត្ថបទនេះដកស្រង់ចេញពី វិទ្យុអាស៊ីសេរី )
|
|
Khmer M A G A Z I N E S . C O M
|